Matthew 20

រឿងកម្មករចម្ការទំពាំងបាយជូរ

1ដ្បិតនគរស្ថានសួគ៌ប្រៀបដូចជាម្ចាស់​ចម្ការ​ម្នាក់ដែលចេញទៅពីព្រលឹម​ដើម្បី​ជួលកម្មករ​ឲ្យ​មក​ធ្វើការ​នៅក្នុង​ចម្ការទំពាំងបាយជូរ​របស់​គាត់ 2កាលបាន​ព្រមព្រៀងជាមួយ​ពួក​កម្មករ​ថា​ឲ្យ​ឈ្នួល​មួយ​ថ្ងៃ​មួយ​ឌេណារី
«ឌេណារី» ជាកាក់ប្រាក់ដែលមានតំលៃស្មើនឹងឈ្នួលពលកម្មមួយថ្ងៃសម្រាប់អ្នកធ្វើការនៅជនបទ។ មាននៅ​ក្នុង ២០:៩,១០,១៣ ដែរ។​
​គាត់ក៏​ឲ្យពួកគេទៅចម្ការទំពាំងបាយជូរ​របស់​គាត់
3នៅពេលគាត់​ចេញទៅ​នៅ​ប្រហែលម៉ោងប្រាំបួនព្រឹក​គាត់​ឃើញ​អ្នក​ផ្សេងទៀតឈរទំនេរនៅតាមផ្សារ 4គាត់ក៏និយាយ​ទៅ​អ្នក​ទាំងនោះថា​ចូរ​អ្នករាល់គ្នា​ទៅ​ចម្ការទំពាំងបាយជូរដែរចុះ​ខ្ញុំ​នឹង​ឲុ្យ​ឈ្នួល​ត្រឹមត្រូវ 5ពួកគេក៏ទៅ។ ​គាត់​ក៏ចេញទៅម្ដងទៀតនៅប្រហែល​ម៉ោង​ដប់ពីរថ្ងៃត្រង់និងម៉ោងបីរសៀល​គាត់ក៏​ធ្វើដូចពីមុន 6នៅប្រហែល​ម៉ោង​ប្រាំល្ងាច​ពេល​គាត់​ចេញទៅក៏ឃើញ​អ្នក​ផ្សេងទៀត​កំពុង​ឈរ​គាត់​ក៏សួរពួកគេថាហេតុអ្វី​បានជា​អ្នករាល់គ្នា​ឈរទំនេរ​មួយ​ថ្ងៃវាល់ល្ងាចនៅទីនេះដូច្នេះ? 7ពួកគេប្រាប់គាត់ថាព្រោះគ្មានអ្នកណាជួលយើង។ ​គាត់​ក៏​ប្រាប់ពួកគេ​វិញ​ថា​ចូរ​អ្នករាល់គ្នាទៅចម្ការទំពាំងបាយជូរដែរចុះ 8លុះដល់​ពេល​ល្ងាចម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា​ចូរ​ហៅកម្មករមករួចឲ្យឈ្នួល​ដល់​ពួកគេចាប់ពី​អ្នក​មក​ក្រោយបង្អស់រហូតដល់​អ្នក​មក​មុនបង្អស់ 9ពួកអ្នក​ដែល​មក​នៅ​ម៉ោងប្រហែលប្រាំល្ងាចម្នាក់ៗទទួលបាន​មួយ​ឌេណារី 10ពួកអ្នក​ដែល​មកមុនគេគិតថា​ខ្លួន​នឹង​ទទួលបានលើស​នោះ​ប៉ុន្ដែម្នាក់ៗក៏ទទួលបាន​មួយ​ឌេណារីដែរ 11ពួកគេទទួលយក​ទាំង​រអ៊ូរទាំដាក់ម្ចាស់​ចម្ការ 12ថាពួក​អ្នក​មក​ក្រោយបង្អស់​ទាំងនេះធ្វើការបាន​តែ​មួយម៉ោង​ទេ​ប៉ុន្ដែ​លោក​ឲ្យ​ឈ្នួល​ដល់​ពួកគេស្មើ​នឹង​យើង​ដែល​ទ្រាំធ្វើការធ្ងន់​ហាល​ថ្ងៃ​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ 13ម្ចាស់ចម្ការ​ក៏ឆ្លើយ​នឹង​ម្នាក់​ក្នុងចំណោម​ពួកគេថាសម្លាញ់អើយ! ​ខ្ញុំ​មិន​បាន​ធ្វើខុស​ចំពោះ​អ្នកទេ​តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ទទួលយក​ឈ្នួល​មួយ​ឌេណារីទេ? 14ចូរយកឈ្នួលរបស់អ្នកហើយចេញទៅ! ​ខ្ញុំ​ចង់ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយបង្អស់នេះស្មើ​នឹង​អ្នកដែរ 15តើខ្ញុំគ្មានសិទ្ធិ​ប្រើ​ទ្រព្យសម្បត្ដិ​របស់ខ្ញុំ​ដើម្បី​ធ្វើអ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ? ​ឬក៏ភ្នែក​របស់​អ្នកច្រណែនព្រោះតែខ្ញុំល្អ? 16ដូច្នេះអ្នក​នៅ​ក្រោយបង្អស់​នឹង​ត្រលប់ជា​នៅ​មុខគេ​អ្នក​នៅ​​​មុខគេ​​នឹង​ត្រលប់ជា​នៅ​ក្រោយបង្អស់​វិញ»។

ព្រះយេស៊ូមានបន្ទូលប្រាប់ឲ្យដឹងជាមុនម្ដងទៀតអំពីការសោយទិវង្គតនិងការរស់ឡើងវិញរបស់ព្រះអង្គ

17កាល​ព្រះ​យេស៊ូ​កំពុង​យាងឡើងទៅ​ក្រុង​យេរូសាឡិម​ព្រះអង្គ​បាន​នាំសិស្ស​ទាំង​ដប់ពីរទៅដាច់ឡែកពីគេហើយនៅតាមផ្លូវ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេថា 18«មើល៍​យើង​កំពុង​ឡើងទៅ​ក្រុង​យេរូសាឡិមហើយកូនមនុស្ស
«កូន​មនុស្ស​»​ ជា​ងារ​ដែល​ប្រើ​សម្រាប់​តែ​ព្រះ​យេស៊ូ​ប៉ុណ្ណោះ​ នៅ​ក្នុង​គម្ពីរ​សញ្ញា​ថ្មី​។​ មាន​​នៅ​ក្នុង​ ២០:២៨​ ដែរ​។​
​នឹង​ត្រូវ​គេ​ប្រគល់ទៅ​ឲ្យ​ពួក​សម្ដេចសង្ឃនិងគ្រូវិន័យរួច​ពួកគេ​នឹង​កាត់ទោសប្រហារជីវិតលោក
19ពួកគេនឹង​ប្រគល់លោកទៅ​ឲ្យ​សាសន៍ដទៃដើម្បី​ឲ្យ​គេ​ចំអកវាយនឹងខ្សែតីហើយឆ្កាងប៉ុន្ដែ​លោក​នឹង​រស់ឡើងវិញនៅថ្ងៃទីបី»។

សំណួមពររបស់ម្ដាយលោកយ៉ាកុបនិងលោកយ៉ូហាន

20បន្ទាប់មកប្រពន្ធ​លោក​សេបេដេនិងកូនៗ​របស់​គាត់​បាន​ចូលមកថ្វាយបង្គំព្រះអង្គដើម្បីទូលសុំអ្វីម្យ៉ាងពីព្រះអង្គ 21ព្រះអង្គមានបន្ទូល​ទៅ​គាត់ថា៖ ​«តើ​អ្នក​ចង់បានអ្វី?» ​គាត់​ទូល​ព្រះអង្គថា៖ ​«ខ្ញុំ​សូម​ឲ្យ​លោក​សន្យាថាកូនប្រុស​របស់​ខ្ញុំទាំងពីរនាក់នេះ​នឹងបាន​អង្គុយ​ក្បែរ​លោក​នៅក្នុងនគរ​របស់​លោក​គឺ​ម្នាក់នៅ​ខាង​ស្ដាំនិងម្នាក់ទៀតនៅ​ខាង​ឆ្វេង»។ 22ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«អ្នក​មិនដឹង​ថា​អ្នក​កំពុង​សុំអ្វីទេ​តើ​អ្នក​អាចផឹក​ពី​ពែងដែលខ្ញុំបម្រុងនឹងផឹក​នេះ​បាន​ដែរ​ឬទេ?» ​ពួកគេ​ទូល​ព្រះអង្គថា៖ ​«យើង​អាច​ផឹក​បាន»។ 23ព្រះអង្គក៏​មានបន្ទូល​ទៅ​ពួកគេថា​ទៀត៖ ​«អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំបានមែនប៉ុន្ដែ​ដែល​អង្គុយនៅ​ខាង​ស្ដាំខ្ញុំ​ខាង​ឆ្វេង​ខ្ញុំ​នោះមិនមែនស្រេចលើខ្ញុំទេគឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះ​វរ​បិតា​របស់​ខ្ញុំ​បាន​រៀបចំទុកឲ្យ​ប៉ុណ្ណោះ»។ 24ពេលសាវក​ដប់នាក់​ទៀត​ដូច្នេះក៏ទាស់ចិត្ដនឹងបងប្អូនពីរនាក់នោះ 25ប៉ុន្ដែព្រះ​យេស៊ូ​បាន​ហៅពួកគេមក​រួច​មានបន្ទូលថា៖ ​«អ្នករាល់គ្នា​ដឹងថា​ពួក​អ្នកគ្រប់គ្រង​របស់​សាសន៍ដទៃត្រួតត្រា​លើ​ពួកគេហើយ​ពួក​អ្នកធំ​ក៏​ប្រើ​សិទ្ធិអំណាច​លើ​ពួកគេដែរ 26ប៉ុន្ដែក្នុងចំណោមអ្នករាល់គ្នាមិនមែនដូច្នោះឡើយអ្នកណាដែលចង់ធ្វើធំក្នុងចំណោមអ្នករាល់គ្នា​អ្នកនោះ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើអ្នករាល់គ្នាវិញ 27រួចអ្នកណាដែលចង់ធ្វើ​ជា​ទីមួយនៅក្នុងចំណោមអ្នករាល់គ្នា​អ្នកនោះ​ក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នករាល់គ្នាដែរ 28កូនមនុស្សក៏ដូច្នេះដែរ​គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើទេប៉ុន្ដែ​មក​បម្រើ​គេ​វិញទាំងប្រគល់ជីវិតខ្លួន​ទុកជា​ថ្លៃលោះដល់​មនុស្ស​ជាច្រើនផង»។

ព្រះយេស៊ូប្រោសមនុស្សខ្វាក់ភ្នែកពីរនាក់

29កាលពួកគេចេញពី​ក្រុង​យេរីខូរ​នោះ​មាន​បណ្ដាជនច្រើនកុះករ​បាន​ដើរតាមព្រះអង្គ 30ហើយមើល៍​មាន​មនុស្សខ្វាក់ពីរនាក់​កំពុង​អង្គុយក្បែរផ្លូវ​ពេល​ថា​ព្រះ​យេស៊ូ​កំពុង​យាងកាត់​ក៏​ស្រែកឡើងថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ពូជពង្សដាវីឌ
«ពូជពង្ស​ដាវីឌ​»​ ជា​ឈ្មោះ​ដែល​ពួក​យូដា​ប្រើ​សម្រាប់​ព្រះ​សង្គ្រោះ​ ដែល​ព្រះជាម្ចាស់​បាន​សន្យា​ថា​ ជា​តំណវង្ស​ និង​ជា​អ្នក​ស្នង​រាជ្យ​របស់​ស្តេច​ដាវីឌ​។​ មាន​នៅ​ក្នុង ២០:៣១ ដែរ​។​
អើយ! ​សូម​មេត្ដាយើងផង
31ប៉ុន្ដែបណ្ដាជន​បាន​បន្ទោសអ្នកទាំងពីរនោះឲ្យ​ពួកគេ​នៅ​ស្ងៀមប៉ុន្ដែពួកគេស្រែកថែមទៀតថា៖ ​«ឱ​ព្រះអម្ចាស់​ជា​ពូជពង្សដាវីឌអើយ! ​សូម​មេត្តាយើងផង 32ព្រះយេស៊ូក៏ឈប់​ហើយ​ហៅអ្នកទាំងពីរនោះមកសួរថា៖ ​«តើ​ពួកអ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើអ្វី 33ពួកគេក៏​ទូល​ព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​បើកភ្នែក​របស់​យើងឲ្យ​បានភ្លឺ​ផង» 34ដោយព្រះ​យេស៊ូមានក្ដីអាណិតអាសូរក៏ពាល់ភ្នែក​របស់​ពួកគេ។ ​រំពេចនោះ​ពួកគេ​ក៏មើលឃើញវិញហើយដើរតាមព្រះអង្គទៅ
Copyright information for KhmKCB